រយៈពេល ១០ខែ ឆ្នាំ២០១២ ភ្ញៀវទេសចរ អន្តរជាតិ កើនឡើងជាង រយៈពេលដូចគ្នា កាលពីឆ្នាំ២០១១


ភ្នំពេញ ៖ ក្រសួងទេសចរណ៍បានឲ្យដឹងថា ក្នុងរយៈពេល១០ខែឆ្នាំ២០១២នេះ ភ្ញៀវទេសចរអន្តរជាតិ ដែលបានចូលមក ទស្សនា នៅក្នុងប្រទេសកម្ពុជា មានការកើនឡើង ២៣,៧ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១១ ហើយ ចំនួននេះ នឹងមានការកើនឡើងជាបន្តបន្ទាប់ទៀត ខណៈដែលកម្ពុជា កាន់តែមានភាពល្បីល្បាញនៅលើឆាកអន្តរជាតិ។

យោងតាម របាយការណ៍ស្ថិតិទេចរណ៍ ដែលចេញផ្សាយដោយក្រសួងទេសចរណ៍ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១២នេះ បានបង្ហាញថា ស្ថិតិទេសចរអន្តរជាតិដែលបានមកទស្សនានៅក្នុងប្រទេសកម្ពុជា ក្នុង១០ខែឆ្នាំ២០១២ មានចំនួន ២.៨៦៨.៤៩៩នាក់ ដែលចំនួននេះមានការកើនឡើង ២៣,៧ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១១។

របាយការណ៍ឲ្យដឹងទៀតថា ចំពោះភ្ញៀវទេសចរដែលបានចូលមកទស្សនា នៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល១០ខែ ដើម ឆ្នាំ២០១២នេះតាមរយៈផ្លូវអាកាស មានចំនួន១.៣៦២.៣២៨នាក់ ស្មើនឹង៤៧,៥ភាគរយ នៃចំនួនសរុប ដោយមានការកើន ឡើងចំនួន១៦,៦ភាគរយ។ តាមច្រកភ្នំពេញ មានចំនួន៥៧0.៨១៩នាក់ ស្មើនឹង១៩,៩ភាគរយ នៃចំនួនសរុប ហើយកើន ឡើងចំនួន៩,៥ភាគរយ។ ច្រកសៀមរាប ចំនួន៧៩១.៥០៩នាក់ ស្មើនឹង២៧,៦ភាគរយ នៃចំនួនសរុប កើនឡើង២២,៣ ភាគរយ។តាមរយៈផ្លូវគោក មានចំនួន១.៤៤៥.៩៧១នាក់ ស្មើនឹង៥០,៤ភាគរយ នៃចំនួនសរុប កើនឡើង៣៣,៤ភាគរយ។ តាមរយៈផ្លូវទឹក មានចំនួន៦០.២០០នាក់ ស្មើនឹង២,១ភាគរយ នៃចំនួនសរុប ថយចុះ៨,៦ភាគរយ។

http://www.dap-news.com/2011-06-14-02-39-55/53454-2012-11-28-07-35-07.html?utm_source=feedburner&utm_medium=feed&utm_campaign=Feed%3A+dap_news+%28DAP+-+News%29

Comments