កង​ពល​តូច​លេខ​៧០​រង​ការ​ចោទ​ថា​បាន​ចាប់​មនុស្ស​ឃុំ​ក្នុង​បន្ទាយ​ជំរិត​យក​លុយ


ការ​អះអាង​នេះ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី៣០ ខែ​វិច្ឆិកា បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​យោធា​នៅ​ទី​នោះ បាន​ចាប់​ខ្លួន ហើយ​ក្រោយ​មក​ត្រូវ​បាន​ដោះលែង​មក​វិញ​ជា​ថ្នូរ​នឹង​ការ​បង់​ប្រាក់​ច្រើន​លាន​រៀល។

យុវជន​អាយុ ២៣​ឆ្នាំ ឈ្មោះ រដ្ឋា អះអាង​ថា នៅ​យប់​ថ្ងៃ​ទី២៤ ខែ​វិច្ឆិកា ពួក​គាត់​៤​នាក់ ចេញ​ពី​ធ្វើ​ឡាន​ទៅ​ផឹក​ស៊ី​ពី​ម៉ោង​៩ រហូត​ដល់​ម៉ោង ១០​យប់។ គាត់​ត្រឡប់​មក​វិញ ជិះ​ម៉ូតូ​គ្នា ៤​នាក់ តាម​ផ្លូវ​សហព័ន្ធ​រុស្ស៊ី។ ពេល​កំពុង​ធ្វើ​ដំណើរ​នោះ គេ​បាន​ជិះ​វ៉ា​ម៉ូតូ​មួយ​គ្រឿង ហើយ​ក៏​ទៅ​ជួប​នឹង​រថយន្ត​មន្ត្រី​យោធា​នៅ​អង្គភាព​កង​ពល​តូច​លេខ​៧០។ នៅ​ពេល​ម៉ូតូ​បើក​វ៉ា​នោះ ពួក​គាត់​ស្រែក​ប្រាប់​អ្នក​បើក​ម៉ូតូ​ថា ប្រយ័ត្ន​ប៉ះ​ឡាន​អ្នក​ធំ។ គ្រាន់​តែ​ឮ​ពាក្យ​នេះ ស្រាប់​តែ​រថយន្ត​របស់​មន្ត្រី​យោធា​នោះ បើក​កៀរ​ម៉ូតូ​គាត់ ហើយ​មាន​រថយន្ត​ស៊ីរ៉ែន បើក​ដេញ​ពី​ក្រោយ​ម៉ូតូ​គាត់ និង​ចាប់​គាត់​វាយ​តប់​ដាក់​ខ្នោះ​យក​ទៅ​ទុក​នៅ​ក្នុង​បន្ទាយ​អង្គភាព​កង​ពល​តូច​លេខ​៧០៖ «គេ​ថា​ពួក​ខ្ញុំ​ជេរ​គេ ដល់​ពេល​ជិះ​បាន​ដី​ប្រហែល​ជា ៥០០​ម៉ែត្រ ក៏​គេ​ឲ្យ​កូន​ចៅ​គេ​ចុះ​មក​ចាប់​ខ្ញុំ ហើយ​វ៉ៃ​ពួក​ខ្ញុំ ហើយ​យក​កាំភ្លើង​ភ្ជង់​ពួក​ខ្ញុំ​ទៀត ហើយ​ពួក​ខ្ញុំ​អត់​ដឹង​រឿង​អី​ផង»។

យុវជន រដ្ឋា បន្ត​ថា អង្គភាព​យោធា​នោះ គេ​ដក​យក​ម៉ូតូ ទូរស័ព្ទ លុយ និង​កាត​សម្គាល់​ខ្លួន​ផ្សេងៗ ហើយ​គេ​យក​ឧបករណ៍​ប្រើ​គ្រឿង​ញៀន មក​ដាក់​នៅ​ម៉ូតូ​គាត់ រួច​ចោទ​ថា ពួក​គាត់​ប្រើ​គ្រឿង​ញៀន។ យោធា​បង្ខំ​ឲ្យ​ពួក​គាត់​ឲ្យ​ទូរស័ព្ទ​ទៅ​រក​ក្រុម​គ្រួសារ ដើម្បី​យក​លុយ​មក​លោះ​ម្នាក់ៗ ១ពាន់​ដុល្លារ។ យុវជន​អះអាង​ថា យោធា​ឃុំ​គាត់​នៅ​ក្នុង​បន្ទាយ ចាប់​ពី​ម៉ោង ១០​កន្លះ​យប់​ថ្ងៃ​ទី២៤ ខែ​វិច្ឆិកា រហូត​ដល់​ម៉ោង ៤ល្ងាច ថ្ងៃ​ទី២៦ ខែ​វិច្ឆិកា ទើប​ឲ្យ​គាត់​ចេញ​តាម​ទ្វារ​ក្រោយ​បន្ទាយ បន្ទាប់​ពី​ក្រុម​គ្រួសារ​យក​ប្រាក់​ទៅ​បង់​ឲ្យ​គ្រប់​ចំនួន​ទារ។

យុវជន រដ្ឋា៖ «កែប​ម៉ូតូ​ខ្ញុំ​អត់​មាន​អី​ផង រួច​ដល់​ពេល​គេ​យក​មក​ញុក គេ​ថា​ពួក​ខ្ញុំ​ហ្នឹង​ពាក់ព័ន្ធ​គ្រឿង​ញៀន​ហ្នឹង​ទៀត។ អីចឹង ទោះ​បី​យើង​មិន​មាន​ទោស​អ្វី​ធ្ងន់ធ្ងរ ក៏​គេ​ចាប់​ជំរិត​យើង​យក​លុយ​ដែរ បើ​មិន​បាន​អស់ ១ពាន់​ដុល្លារ ក៏​គេ​អត់​ឲ្យ​យើង​ចេញ​ដែរ។ ដូច​ថ្ងៃ​ខ្ញុំ​រួច​ខ្លួន​ហ្នឹង ជាប់ ១០​នាក់ មិន​ដឹង​ថា​មក​ពី​មូលហេតុ​អី​ទេ តែ​ឮ​ថា​អស់​ម្នាក់​ខ្ទង់ ១ពាន់​ដុល្លារ ទើប​បាន​រួច​ខ្លួន។ អីចឹង​និយាយ​ថា គេ​អត់​បាន​បញ្ជូន​ខ្ញុំ​ទៅ​ណា​ផង ដល់​ពេល​ដោះស្រាយ​រួច គេ​ឲ្យ​ខ្ញុំ​ចេញ​មក​ផ្ទះ​តែ​ម្តង​ហ្នឹង»។

គ្រួសារ​តំណាង​យុវជន​ទាំង ៤​នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ ថ្លែង​ថា គាត់​បាន​បង់​ប្រាក់​ទៅ​វរសេនីយ៍ឯក ឈ្មោះ កឹម សារុន បង់​ឲ្យ​កូន និង​ក្មួយ​ម្នាក់ៗ​ជាង ២លាន​រៀល។ ឯ​មិត្តភ័ក្ដិ​កូន ២​នាក់​ទៀត​នោះ លោក កឹម សារុន ឲ្យ​បង់​ម្នាក់ ៤​លាន​រៀល។ លោក​ចោទ​ថា អង្គភាព​កង​ពល​តូច​លេខ​៧០ បាន​ល្បាត​ចាប់​ក្មេង​ដើរ​យប់ ចោទ​ថា​ប្រើ​គ្រឿង​ញៀន ដើម្បី​ទារ​យក​លុយ​ពី​ឪពុក​ម្តាយ៖ «វរសេនីយ៍ឯក កឹម សារុន នាយ​ការិយាល័យ​ទី២ នៃ​កង​ពល​តូច​លេខ​៧០ គេ​ឲ្យ​គាត់​ម្នាក់ ១ពាន់ៗ»។

អានបន្ត

Comments