លោកសង្ឃមួយដែលបានដុតសម្លាប់ខ្លួន ដើម្បីប្រឆាំងការសម្លាប់សត្វគោក្របី ធ្វើជាម្ហូបអាហារនៅក្នុងប្រទេសស្រីលង្កានោះបានរងរបួសយ៉ាងធ្ងន់ធរ បន្ទាប់ពីត្រូវបានគេជួយសង្គ្រោះ និងបានបញ្ជូនទៅមន្ទីរពេទ្យ។
ក្រុមមន្ដ្រីប៉ូលីសស្រីលង្កាបានឲ្យដឹងថា លោកសង្ឃអង្គមួយនោះបានដុតសម្លាប់ខ្លួនកាលពីថ្ងៃសុក្រសប្ហាហ៍នេះនៅជិតវត្តព្រះពុទ្ធឈ្មោះថា “Tooth Relic” នៅទីក្រុង Kandy ភាគកណ្តាលនៃប្រទេសស្រីលង្កាតែម្ដង។
បើតាមមន្ដ្រីប៉ូលីសខាងលើនេះ លោកសង្ឃអង្គនោះមុននឹងដុតព្រះកាយ ដើម្បីប្រឆាំងការសម្លាប់គោក្របីធ្វើជាម្ហូបអាហារនៅក្នុងប្រទេសស្រីលង្កានោះ ព្រះអង្គបាននិយាយប្រាប់លោកសង្ឃផ្សេងៗទៀតផងដែរ។
លោកសង្ឃអង្គដែលដុតសម្លាប់ខ្លួននោះបានរងរបួសយ៉ាងធ្ងន់ធ្ងរបំផុត ប៉ុន្ដែមិនបានបាត់បង់ព្រះកាយឡើយ ពោលត្រូវគេជួយសង្គ្រោះទាន់ពេលវេលា និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យនាទីក្រុង Kandy ភាគកណ្ដាលប្រទេសស្រីលង្កា។
គួរបញ្ជាក់ថា សាសនាព្រះពុទ្ធដែលជាសាសនារដ្ឋរបស់ស្រីលង្កាជំទាស់ប្រឆាំងការសម្លាប់ជីវិតសត្វ។ ៧៥ភាគរយនៃប្រជាជនស្រីលង្កា គឺជាពុទ្ធសាសនិក។
ពុទ្ធសាសនិកភាគច្រើនននៅក្នុងប្រទេសស្រីលង្កា បរិភោគសាច់ ប៉ុន្តែ ពួកគេចៀសវាងមិនបរិភោគសាច់គោនោះទេ ពីព្រោះពួកគេចាត់ទុកសត្វគោថាជាសក្ការបូជាដូចជាព្រះ។
ព័ត៌មាននៃការដុតសម្លាប់ខ្លួនពីសំណាក់ព្រះសង្ឃនេះក៏បានកើតឡើងញឹកញ៉ាប់ផងដែរ នៅក្នុងតំបន់ស្វយ័តប្រទេសទីបេដោយព្រះសង្ឃទាំងនោះដុតសម្លាប់ខ្លួន ដើម្បីយកមកធ្វើជាមធ្យោបាយទាក់ទាញអារម្មណ៍សាធារណមតិជាតិ និងអន្តរជាតិ ឲ្យដឹងពីការតវ៉ារបស់ពួកគេប្រឆាំងនឹងអាណាព្យាបាលរបស់រដ្ឋាភិបាលក្រុងប៉េកាំងទៅលើតំបន់ទីបេ និងការគាបសង្កត់ពីសំណាក់អាជ្ញាធរចិនចំពោះសាសនា និងវប្បធម៌ទីបេ។
នេះបើតាមការអះអាងរបស់ក្រុមអង្គការក្រៅរដ្ឋាភិបាល និងសកម្មជនសិទ្ធិមនុស្សទីបេ កាលពីពេលកន្លងទៅ៕(ដោយៈឃួន សុភ័ក្រ)
Comments